
គុកឥតជញ្ជាំង
ភ្នំបាសិតនៅក្នុងសម័យខ្មែរក្រហមគឺជាមន្ទីរឃុំឃាំងមួយក្នុងចំណោមមន្ទីរឃុំឃាំងទាំង១៩៧ ។

កំពូលភ្នំបាសិត រូបថត៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
បើយើងនិយាយពីតំបន់ភ្នំដែលមានខ្យល់អាកាសបរិសុទ្ធ និងមានដើមឈើពណ៌បៃតង ដើម្បីលំហែអារម្មណ៍ ហើយដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងភ្នំពេញ នោះយើងនឹងគិតទៅដល់ភ្នំបាសិត។ ផ្ទុយទៅវិញ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានប្រើប្រាស់ តំបន់នេះជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្ស។
ភ្នំបាសិត ឬ ប្រសិទ្ធិ ឬ ប្រសិទ្ធិត្រៃត្រឹង្ស ស្ថិត នៅឃុំឈ្វាង ស្រុកពញ្ញាឮ ខេត្តកណ្តាល

ចំណុចទីតាំងមន្ទីរសន្តិសុខនៅក្នុងរបបខ្មែរក្រហម រូបថត៖ កែវ ធាស្រ៊ុន/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
លោក ស៊ីវ ធួន វ័យ ៧០ឆ្នាំ ជាសាស្រ្តាចារ្យចូលនិវត្តន៍ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកស្រាវជ្រាវអំពីការសម្លាប់នៅភ្នំបាសិតនាអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យបានឲ្យដឹងថា៖ «ខ្ញុំស្គាល់ភ្នំបាសិតក្នុងរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយ លន់ នល់ (១៩៧០ ដល់ ១៩៧៥)។ ខ្ញុំចាំថានៅលើភ្នំមានវត្ត ហើយប្រជាជនសប្បាយនឹងបុណ្យកឋិន។ ភ្នំបាសិតនេះជាតំបន់ ដែលអាចឲ្យមនុស្សមកលេងបានដើម្បីបន្ធូរបន្ថយបរិយាកាសនាអំឡុងសម័យសង្រ្គាមស៊ីវិល។»

តារាងបង្ហាញអំពីតួរលេខដែលបានស្រាវជ្រាវដោយមជ្ឈមណ្ឌលឯកសារកម្ពុជាតាំងពីឆ្នាំ ១៩៩៥ ដល់ ២០១៨
គួររំលឹកថា របបខ្មែរក្រហមដែលមានឈ្មោះជាផ្លូវការថា របបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត (១៩៧៥ ដល់១៩៧៩) បានធ្វើឲ្យប្រជាជនប្រមាណ ២លាននាក់ស្លាប់បាត់បង់ជីវិត តាមរយៈការធ្វើការហួសកម្លាំង សម្លាប់ និងអត់អាហារ។ ខ្មែរក្រហមបានប្រែក្លាយ សាលារៀន និងវត្តអារាម ទៅជាមន្ទីរសន្តិសុខដើម្បីដាក់គុក ធ្វើទារុណកម្ម និងឃុំឃាំងអ្នកទោស។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការសិក្សាពីទីតាំងសម្លាប់ មន្ទីរបូជនីយដ្ឋាន និង រណ្តៅសាកសពតាំងពីឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន។ ជាលទ្ធផល មជ្ឈមណ្ឌលបានរកឃើញមន្ទីរសន្តិសុខឬគុកនៅក្នុងសម័យខ្មែរក្រហម ចំនួន ១៩៧ កន្លែង ទីតាំងសម្លាប់មនុស្សមាន ៣៨៨ កន្លែង ក្នុងនោះរណ្តៅសាកសពមានចំនួន ១៩ ៧៣៣ ទីតាំង និងស្តូបឬបូជនីយដ្ឋានមានចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា។
លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំនិងស្រាវជ្រាវអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យដឹងថា ៖ «នៅក្រោយឆ្នាំ ១៩៧៩ រណ្តៅសាកសពភាគច្រើនត្រូវបានគាស់ក្នុងគោលបំណងរកមាសនិងវត្ថុមានតម្លៃពីសាកសព។ ឆ្អឹងលលាដ៏ក្បាល និងអវយវៈ ដែលគាស់រួច ត្រូវនាំយកទៅតម្កល់នៅក្នុងចេតិយមួយ ដែលស្ថិតនៅក្បែររណ្តៅទាំងនោះ។ ក្រោយមកចេតិយទាំងនោះ ក្លាយទៅជាទីតាំងបូជនីយដ្ឋានដើម្បីរំលឹកដល់ជនរងគ្រោះ។ »

ចំណុចទីតាំងមន្ទីរសន្តិសុខនៅក្នុងរបបខ្មែរក្រហម រូបថត៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
ទារុណកម្ម
លោកស៊ីវ ធួន បានឲ្យរៀបរាប់ទារុណកម្មជាច្រើនរបៀប ដែលខ្មែរក្រហមបានអនុវត្តិចំពោះអ្នកទោស។ លោកនិយាយថា៖ «ទារុណកម្មដំបូង គឺតាមរយៈការងារ។ ព្រឹកព្រហាមឡើង ខ្មែរក្រហមបញ្ចេញអ្នកទោសទៅវាយថ្ម។ អ្នកទោសទាំងនោះមានសភាពស្គមស្គាំង បាយហូបមិនគ្រប់ ហើយត្រូវលើកញរញួរពី ៣ទៅ៥គីឡូក្រាម ដើម្បីវាយបំបែកថ្ម។ ពេលចុះពីភ្នំ អ្នកទោសណាស្គម ដើរមិនទាន់គេ នឹងត្រូវខ្មែរក្រហមវាយ។ អ្នកណាដែលអាចទ្រាំនឹងការវាយដំបាន អាចស្ទុះដើររួច នោះពួកគេអាចរស់បន្ត ប៉ុន្តែបើទ្រាំមិនបាន គេនឹងសម្លាប់ចោល។»
ទារុណកម្មម្យ៉ាងទៀត ខ្មែរក្រហមឲ្យអ្នកទោសឈរនៅលើថ្មហាលថ្ងៃក្តៅ លើកញរញួរ និងមិនឲ្យពាក់ស្បែកជើងនោះទេ។ លុះដល់ពេលល្ងាច អ្នកទោសណាឡើងមកលើភ្នំមិនរួច ឬក៏ដើរមិនទាន់គេ ខ្មែរក្រហមវាយម្តងទៀត។
លោក ស៊ីវ ធួន បន្តទៀតថា៖ «នៅពេលអ្នកទោសធ្វើការយឺតយ៉ាវ ខ្មែរក្រហមចោទថា ពួកគេទាំងនោះគ្រុនសតិអារម្មណ៍ ដោយធ្វើពុត ជាដើម។ នៅពេលជាប់គុក ហើយមានអ្នកទោសមកច្រើនពេក កម្មាភិបាលខ្មែរក្រហមធ្វើពិធីរំដោះ។ ខ្មែរក្រហមសួរថា តើមានអ្នកណាខ្លះដែលចង់ទៅសហករណ៍? អ្នកទោសលើកដៃទៅគ្រប់គ្នា រួចហើយកម្មាភិបាលក៏នាំទៅ។ ពេលនោះខ្មែរក្រហមក៏វាយសម្លាប់ពួកគេចោល នៅក្នុងរណ្តៅដែលជីករួចជាស្រេច មិនបានទៅដល់សហករណ៍ដូចការសន្យានោះទេ។»
មូលហេតុជាប់ឃុំឃាំង
មុនឆ្នាំ១៩៧៧ អ្នកទោសដែលត្រូវឃុំខ្លួនទីនេះត្រូវគេចោទថាជាអ្នកខុសសីលធម៌ ។ ពាក្យនេះក្នុងសម័យខ្មែរក្រហមមានន័យថា ប្រព្រឹត្តិខុសលើផ្លូវភេទចំពោះនរណាម្នាក់ ឬស្រលាញ់នរណាម្នាក់។
លោក ស៊ីវ ធួន ឲ្យដឹងថា បន្ទាប់ពីឆ្នាំ១៩៧៧ អ្នកទោសត្រូវបានបញ្ជូនមកភ្នំបាសិត ដោយមូលហេតុផ្សេងដោយចោទថាជាអ្នកក្បត់នឹងអង្គការ ចូលដៃជើងជាមួយខ្មែរស ជាភ្នាក់ងាររបស់សេអ៊ីអាឬកាស្សេប៊េ ជាដើម។ «ឆ្នាំ១៩៧៧ ការចាប់មកដាក់ទោស គេប្រើមូលហេតុផ្សេង ដោយចោទថាខ្មែរស។ គេថាធ្លាប់ចូលដៃជើងជាមួយខ្មែរស ធ្លាប់និយាយធ្លាប់ជួបប្រាស្រ័យនឹងខ្មែរសប៉ុន្មានដង។ ករណីនេះមិនខុសពីសេអីអា នៅស២១ទេ។ អ្នកដែលបញ្ជូនមកនេះសុទ្ធតែមិនដឹងថាខ្មែរសជាអ្វីនោះទេ។»
ពេលនោះ ខ្មែរ «ស» សំដៅដល់ក្រុមទាហានដែលគាំទ្រដោយសហរដ្ឋអាមេរិក។ សេអ៊ីអា ជាភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក។ ចំណែកកាស្សេប៊េ ជាទីភ្នាក់ងារសន្តិសុខរបស់អតីតសហភាពសូវៀតចាប់តាំងពីឆ្នាំ១៩៥៤ ហើយដួលរលំវិញនៅឆ្នាំ១៩៩១។
យោងតាមរបាយការណ៍ដែលបានចុះស្រាវជ្រាវអំពីការសម្លាប់នៅក្នុងរបបខ្មែរក្រហមនៅខេត្តកណ្តាលឆ្នាំ១៩៩៨ ដែលបានសម្ភាសន៍សាក្សីឈ្មោះ ឃ្លោក មាស បានឲ្យដឹងថាការសម្លាប់មនុស្សត្រូវបានធ្វើឡើងនៅទីតាំងជាច្រើននៅជុំវិញភ្នំបាសិត ជាមួយនឹងរបៀបសម្លាប់អ្នកទោសយ៉ាងសាហាវ។ លោក ឃ្លោក មាស ឲ្យដឹងថា៖ «ទីតាំងគុកនៅភ្នំប្រសិទ្ធិត្រៃត្រឹង្សមានដូចជា៖ គុកនៅដើមម៉ៃសាក់ (ខាងលិចជើងភ្នំ) គុកនៅចម្ការស្វាយ (ខាងជើងនិងខាងលិច ជើងភ្នំ) គុកនៅសាលាវត្តភ្នំប្រសិទិ្ធក្រោម និងនៅសាលាវត្តភ្នំប្រសិទ្ធិលើ។»
«ខ្មែរក្រហមសួរចម្លើយអ្នកទោសដោយចងជើងឡើងលើ ចងខ្សែដងក្លឹងទំលាក់ក្បាលចុះក្នុងល្អាងទឹក ជ្រលក់ទឹកជាដើម។ បើអ្នកទោសសន្លប់ គេលើកវិញ តែបើស្លាប់ក៏ស្លាប់ទៅ។ មួយវិញទៀត ពួកគេឲ្យឆ្កែខាំអ្នកទោស ធ្វើពលកម្ម វាយថ្ម ធ្វើស្រះទឹក ធ្វើពេលថ្ងៃ។ លុះយប់ឡើង ដុតភ្លើង គ្មានពេលសំរាក។ បើអ្នកណាអស់កម្លាំងធ្វើលែងកើត នោះខ្មែរក្រហមនឹងសម្លាប់ចោល។»

ខ្នោះជើងដែលនៅសេសសល់នៅក្នុងរបបខ្មែរក្រហម រូបថត៖ កែវ ធាស្រ៊ុន/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
ចំនួនអ្នកស្លាប់
មកទល់ពេលនេះ មិនមានទិន្នន័យជាក់លាក់អំពីចំនួនជនរងគ្រោះដែលត្រូវបានសម្លាប់នៅភ្នំបាសិតនាអំឡុងពេលសម័យខ្មែរក្រហមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ គេអាចប៉ានស្មានចំនួនអ្នកស្លាប់ដោយតួលេខបីផ្សេងគ្នា។ តាមរបាយការណ៍ចុះសិក្សាទីតាំងដោយផ្ទាល់នៅឆ្នាំ ១៩៩៨ នៅភ្នំបាសិតត្រៃត្រឹង សាក្សីឈ្មោះ ឃ្លោក មាស បានប្រមាណថាមានអ្នកស្លាប់ប្រហែល ៣០០ នាក់។ ក្នុងរបាយការណ៍ដដែលនេះ សាក្សីម្នាក់ទៀត ឈ្មោះ ខាន់ ជាអតីតអ្នកជាប់គុកនៅទីនោះផ្ទាល់ដែលបានរួចរស់ជីវិត និងជាមិត្តភក្តិលោក ឃ្លោក មាស ផងនោះ បានប៉ានប្រមាណថា អ្នកស្លាប់អាចមានរហូតដល់ ៧០០០ នាក់។ ចំណែកសាក្សីដែលលោក ស៊ីវ ធួនបានសម្ភាសន៍វិញ អ្នកស្លាប់អាចមានចំនួនចាប់ពី ៦០០ ទៅ ៧០០ នាក់។
នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានដួលរលំឆ្នាំ១៩៧៩ អ្នកជាប់ឃុំនៅភ្នំបាសិត ត្រូវបានយោធាខ្មែរក្រហមសម្លាប់ដោយកន្រ្តាក់គ្រាប់មីន ដុលរោល និងអារជើងផ្តាច់។ ពេលខ្មែរក្រហមចេញទៅ សាកសពទាំងអស់គឺនៅហាលវាលហើយសពនៅស្អុយរលួយ។
ខ្សែភាពយន្តនេះថតដោយ ហូ វ៉ាន់តៃ និង ឌិញ ហ្វុង នៅថ្ងៃទី ១០ ខែមករា ឆ្នាំ១៩៧៩
ភស្តុតាងផ្សេងទៀតដែលនៅសេសសល់ មកដល់បច្ចុប្បន្ននោះគឺស្តូបរំលឹកការចងចាំនៅលើកំពូលភ្នំដែលមានដាក់ខ្នោះជើងនៅតាំងទីនោះ ដើម្បីចងចាំនិងរំលឹកដល់ជនរងគ្រោះ។

ស្តូបពណ៌ក្រហមដាក់ធាតុនិងខ្នោះជើងជនរងគ្រោះ រូបថត៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)

ស្តូបពណ៌ក្រហមដាក់ធាតុនិងខ្នោះជើងជនរងគ្រោះ រូបថត៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
នៅពេលដែលខ្មែរក្រហមដួលរលំភ្លាម ទីតាំងគុកមិនទាន់បាត់បង់នោះទេ ប៉ុន្តែក្រោយមកដោយសារអ្នកស្រុកខ្វះឈើធ្វើផ្ទះ ពួកគេក៏រុះរើរឈើពីគុកនោះអស់។ ចំណែកឆ្អឹងនិងខ្នោះជើងនៅស្តូបលើភ្នំវិញ គ្រាន់តែជាបំណែកសេសសល់មួយចំនួនតែប៉ុណ្ណោះ។
ចុងក្រោយ ប្រជាជនក៏បានប្រមូលឆ្អឹងទុកក្នុងស្តូបមួយហើយដាក់មកលើកំពូលភ្នំ។ ដោយសារការរៃបច្ច័យធ្វើស្តូបវាយឺតយូរ ឆ្អឹងមួយចំនួនធំត្រូវបានគោទំពារស៊ី នៅសល់តែឆ្អឹងមួយចំនួនតែប៉ុណ្ណោះ។ ក្រោយមក គណកម្មការវត្តប្រសិទ្ធក្រោមបានរូមគំនិតគ្នា យកឆ្អឹងទាំងអស់មកខាងលើភ្នំមកដល់សព្វថ្ងៃ។

ភ្នំបាសិតត្រៃត្រឹង្ស រូបថត៖ អ៊ូច មករា/មជ្ឈមណ្ឌលឯកសារកម្ពុជា។ (២០១៨)
និពន្ធនាយក
ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
អ្នកស្រាវជ្រាវ
ស៊ីវ ធួន អតីតសាស្រ្តាចារ្យប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
រូបភាព និង វីដេអូ
អ៊ូច មករា និង កែវ ធាស្រ៊ុន
អត្ថបទ និង រចនាទំព័រ
សន ប៊ុនស៊ីម
គម្រោងស្តីពីប្រវត្តិភូមិរបស់កម្មវិធីអប់រំនិងស្រាវជ្រាវអំពើប្រល័យពូជសាសន៍នៅកម្ពុជា
សហការជាមួយក្រសួងអប់រំ យុវជន និង កីឡា គាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឈន៍អន្តរជាតិ
ផេង ពង្សរ៉ាស៊ី
នាយកកម្មវិធីស្រាវជ្រាវនិងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា
ផលិតឆ្នាំ ២០១៨ រក្សាសិទ្ធិ មជ្ឈមណ្ឌលឯកសារកម្ពុជា